បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម រួមជាមួយអ្នកសហគមន៍ជនជាតិដើមភាគតិចគួយ បានចុះចាប់អ្នកប្រព្រឹត្ត
បទល្មើសព្រៃឈើ ៥ នាក់ គោយន្ត៣គ្រឿង និងបានដកហូតម៉ាស៊ីនរណាយន្តចំនួន៤គ្រឿង នៅពេលចុះល្បាតការពារព្រៃ
ព្រះរការ ខេត្តព្រះវិហារ ។
ក្រៅពីការចាប់យកវត្ថុតាងទាំងនោះ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម រួមទាំងអ្នកសហគមន៍ផង បានថតយក
រូបភាពជំរាកឈើ និងកំណាត់ និងគល់ឈើជាច្រើន ដែលពួកឈ្មួញបានកាត់យកក្នុងពេលកន្លងមក ។ ជាងនេះទៀត ឈើ
ដែលគេបានអារយកខ្លះមិនទាន់បានដឹកចេញពីព្រៃនៅឡើយទេ ដោយសារតែព្រះសង្ឃ និងក្រុមអ្នកសហគមន៍ទៅចុះ
ល្បាតទើបពួកគេ សម្រេចចិត្តយករណាយន្តទៅលាក់ទុក ហើយរត់គេចខ្លួនពីព្រះសង្ឃ និងអ្នកសហគមន៍តែម្ដង ។
ការចុះចាប់យកវត្ថុតាងបទល្មើសព្រៃឈើនេះ បានប្រើប្រាស់អស់រយៈពេល ៣យប់ ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី
៣១ ខែតុលា ២០១៦ ។ ការចុះល្បាតនោះ មានព្រះសង្ឃចំនួន៣៥ អង្គ អ្នកសហគមន៍ ២០ នាក់ និងមន្រ្តីបរិស្ថានចំនួន
១០ នាក់ ដោយប្រើប្រាស់គោយន្តជាមធ្យោបាយធ្វើដំណើរចូលទៅក្នុងព្រៃ ក្នុងគោលបំណងទប់ស្កាត់ និងប្រមូលយក
វត្ថុតាងបទល្មើសព្រៃឈើ ដែលបានឈ្មួញទុច្ចរិត ប្រើឲ្យប្រជាពលរដ្ឋអ្នកមានជីវភាពខ្វះខាតធ្វើសកម្មភាពកាប់ឈើឲ្យខ្លួន
យកទៅលក់បន្តនៅក្រៅប្រទេស ។
ក្នុងដំណើរការចុះល្បាតការពារព្រៃព្រះរកានោះ មានឧបសគ្គជាហូរហែរដោយផ្លូវក្នុងព្រៃនោះ មានជ្រលងស្នាមភ្លោះជ្រៅៗ
ដែលនប្សល់ទុកពីការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញទុច្ច ដែលជាហេតុធ្វើឲ្យគោយន្តគាំងជាប់ក្នុងភកជ្រៅជាបន្តបន្ទាប់ ។
ទោះបីជាការធ្វើដំណើរនោះមានការលំបាកយ៉ាងក៏ដោយ ក៏ព្រះសង្ឃនៅតែបន្តធ្វើដំណើរទៅមុខ ដោយមិនមានការរាថយ
នោះទេ ។
យ៉ាងណាក៏ដោយ លទ្ធផលដែលទទួលបាន គឺមិនដូចជាការរំពឹងទុកនោះទេ ក៏ព្រោះតែអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ
ហាក់ទទួលបានព័ត៌មានជាមុនថា មានការចុះល្បាតការពារ និងទប់ស្កាត់បទល្មើសព្រៃឈើពីព្រះសង្ឃ និងអ្នក
សហគមន៍ ។
លោក ស៊ុត សាវន ប្រធានគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចគួយនៅឃុំប្រមេរបានប្រាប់ថា ការចុះល្បាតការ
ពារព្រៃឈើនេះ បើកាលណាមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ពន្ធ័ គឺចាប់អ្នកប្រព្រឹត្តបទល្មើសព្រៃឈើមិនបានច្រើន
ដូចអ្នកសហគមន៍ធ្វើការចុះល្បាតនោះទេ ។ លោក ស៊ុត សាវន បានបន្តថា មូលហេតុនោះគឺលោកសង្ស័យថា ក្នុង
ចំណោមនៃមន្រ្តីទាំងនោះទំនងមានរនុកក្នុងលួចយកព័ត៌មានទៅប្រាប់អ្នករកស៊ីកាត់ឲ្យឈ្មួញផ្អាកសកម្មភាពរបស់ពួក
គេ ។
លោកថ្លែង « ការកាប់បំផ្លាញព្រៃហ្នឹងខ្ញុំយល់ថា មានការសេពគបគ្នាជាច្រើនតាម ជាការសេពគប់ជាមួយហ្នឹងអាជ្ញាធរមួយ
ចំនួន ហើយគាត់រកស៊ីអារឈើនៅក្នុងព្រៃព្រះរកានេះ ។ ពេលមានការកាប់បំផ្លាញព្រៃឈើខ្លាំងទៅៗ ហើយក៏សហកមន៍
ចុះល្បាត ឬក៏ព្រះសង្ឃចុះល្បាតចូលរួមចឹងទៅ គេមានការស៊ើបដល់ពេលគេដឹងទៅគេប្រាប់គ្នាគេដើម្បីឲ្យផ្អាក »។
ស្រដៀងគ្នានេះដែរ កញ្ញា ឡន មាលា បានប្រាប់ថា បើទោះបីជានាង មានការហត់នឿយយ៉ាងក៏ដោយ ក៏នាងនៅតែមាន
អារម្មថា សប្បាយចិត្តក្នុងការការពារព្រៃឈើឲ្យបានគង់វង់ ។ កញ្ញា ឡន មាលា បានរាប់ទាំងសំឡេងដែលប្រកបដោយ
ភាពនឿយហត់ទៀតថា ក្នុងរយៈកាលកន្លងមក ប្រសិនបើអ្នកសហគមន៍ចុះល្បាតតែសហគមន៍ គឺចាប់បានបទល្មើស
ច្រើន ។ ក៏ប៉ុន្តែប្រសិនបើមានអាជ្ញាធរចុះមកជាមួយ ឬក៏អាជ្ញាធរដឹងសហគមន៍របស់ពួកគាត់មិនដែលចាប់បានបទល្មើស
នោះទេ ។
នាង បានបន្តទៀងថា ក្នុងការចុះល្បាតរបស់អ្នកសហគមន៍ ក៏ធ្លាប់បានជួបការតវ៉ា និងការគម្រាមកំហែងធ្វើបាបពីសំណាក់
អ្នកប្រព្រឹត្តបទល្មើសព្រៃឈើផងដែរក្នុងកាលកន្លងមកនោះ ។
កញ្ញា ថ្លែង« ពួកកូណាចុះមកចឹង បើចាប់បទល្មើសក៏មានការពិបាក ពេលខ្លះប៉ះក្រុមខ្លះគេធ្វើបបសហគមន៍ចឹង ប្រតប់
ប្រតៃជាមួយសហគមន៍ ពេលហ្នឹងហើយមានការពិបាក » ។
គួរបញ្ជាក់ថា បណ្ដាញព្រះសង្ឃេករាជ្យដើម្បីយុត្តិធម៌សង្គម និងអ្នកសហគមន៍ ធ្វើការដកហូតយកតែម៉ាស៊ីនរណាយន្តតែ
ប៉ុណ្ណោះ ។ ចំណែកអ្នកប្រព្រឹត្តបទល្មើសដែលចាប់បាន និងគោយន្តទាំង៣គ្រឿងនោះ បានប្រគល់ឲ្យទៅអាជ្ញាធរ គឺមន្រ្តី
បរិស្ថានជាអ្នកចាត់ចែងទៅតាមនីតិវិធីច្បាប់ ៕