អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានលើកឡើងថា ប្រសិនណាបើគ្មានការចូលរួមប្រកួតប្រជែង
ការបោះឆ្នោតពីសំណាក់អតីតគណបក្សសង្រ្គោះជាតិទេនោះ គឺការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ
នឹងមិនអាចជឿជាក់បាននោះទេ ។
លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ហេតុផលនៃការមិនអាចជឿជាក់បានលើការបោះឆ្នោតខាងមុខ មានពីរយ៉ាង ៖
១- ហេតុផលនយោបាយ ៖ ពិភពលោកទាំងមូលយល់ច្បាស់ថា ការបោះឆ្នោតណាមួយនៅកម្ពុជាពេលនេះ ដែលមិនមាន
ការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋពាក់កណ្តាលនគរ គឺមិនអាចយកជាការបានទេ។ ពិភព
លោកទាំងមូល ក៏យល់ច្បាស់ដែរថា ការរំលាយគណបក្សសង្គ្រោះជាតិ គ្រាន់តែជាលេសមួយ ដើម្បីឲ្យគណបក្សកាន់
អំណាច រួចផុតពីការប្រកួតប្រជែងជាមួយគណបក្សសង្គ្រោះជាតិ ពីព្រោះគណបក្សប្រឆាំងនេះកំពុងតែមានប្រៀបលើ
គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលកំពុងតែភ័យខ្លាចយ៉ាងខ្លាំង។
២- ហេតុផលបច្ចេកទេស ៖ ក្នុងដំណើរការបោះឆ្នោតនីមួយៗ នៅប្រទេសកម្ពុជា ត្រូវតែមានភ្នាក់ងារគណបក្សប្រឆាំងដ៏
ធំនិងខ្លាំងមួយ ដើម្បីទប់ស្កាត់ការបន្លំឈ្មោះអ្នកបោះឆ្នោត ការលួចបំបាត់សន្លឹកឆ្នោត និងការបំភ្លៃតួលេខ ពីសំណាក់
គណបក្សប្រជាជនកម្ពុជា ដែលមានរដ្ឋអំណាចនៅពីក្រោយ ក្នុងការបង្កភាពមិនប្រក្រតីជាច្រើនរាប់មិនអស់។
បើតាមអតីតគណបក្សប្រឆាំងនេះបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការិយាល័យបោះឆ្នោតជាង ២៣០០០ ការិយាល័យ
ដែលពង្រាយក្នុងជាង ១៤០០០ ភូមិ។ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ គណបក្សនីមួយៗ អាចតែងតាំងភ្នាក់ងារ
គណបក្ស ២ នាក់ (ម្នាក់ពេញសិទ្ធិ និងម្នាក់ទៀតបម្រុង)។
លោកបន្តថា ក្រៅពីគណបក្សប្រជាជនកម្ពុជា មានតែគណបក្សសង្គ្រោះជាតិទេ ដែលអាចជ្រើសរើស ហ្វឹកហ្វឺន និងសម្រប
សម្រួលការងារ របស់ភ្នាក់ងារគណបក្ស រហូតទៅដល់ ២៣០០០ X ២ = ៤៦០០០ នាក់។ បើគ្មានភ្នាក់ងារមកពីគណបក្ស
សង្គ្រោះជាតិទេ គណបក្សកាន់អំណាចច្បាស់ជាលួចបន្លំសន្លឹកឆ្នោត និងធ្វើអ្វីៗបានតាមចិត្តរបស់ខ្លួន។
លោកបញ្ជាក់ទៀតថា ដើម្បីឱ្យគណបក្សណាមួយ មានលទ្ធភាពតែងតាំងភ្នាក់ងារគណបក្ស រហូតទៅដល់ជាង ៤៦០០០
នាក់ទូទាំងប្រទេស ទាល់តែគណបក្សនោះ មានរចនាសម្ព័ន្ធយ៉ាងរឹងមាំ នៅតាមភូមិនីមួយៗ ហើយមានអ្នកគាំទ្ររាប់លាន
នាក់ ទូទាំងប្រទេស។ ដើម្បីអាចកសាងកម្លាំងរបស់ខ្លួនបានយ៉ាងខ្លាំងបែបនេះ ទាល់តែគណបក្សនោះ មានសកម្មភាព
រាប់សិបឆ្នាំមកហើយ ធ្វើឲ្យខ្លួនអាចចាក់ឫសចាក់គល់ នៅតាមមូលដ្ឋាន ទូទាំងប្រទេស។
លើសពីនេះទៀត លោកសង្កត់ថា គណបក្សទាំង ១៩ ដែលចូលរួមលេងសើចក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា
ខាងមុខ ហើយដែលភាគច្រើន ទើបតែបានបង្កើតប៉ុន្មានខែប៉ុណ្ណោះចុងក្រោយនេះ (គណបក្សអំពិលអំពែក) គណបក្សទាំង
១៩ នោះ មិនអាចមានលទ្ធភាព តែងតាំងភ្នាក់ងារ និងអ្នកសង្កេតការណ៍រាប់ម៉ឺននាក់បានទេ ហើយក៏មិនអាចទប់ស្កាត់
អំពើទុច្ចរិតរបស់គណបក្សកាន់អំណាចបានទេ ៕