អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសារមួយនៅលើហ្វេសប៊ុក និងវេបសាយផ្ទាល់ខ្លួនប្រកាសអំពាវនាវដល់ប្រជាពល
រដ្ឋខ្មែរថា កុំអោយធ្វើការចែករំលែក ឬចែកចាយទាក់ទងនឹងព័ត៌មានមួយដែលបាននិយាយអំពីករណីដែលកូនស្រីរបស់
លោកនាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រាក់រាប់លានដុល្លារតម្កល់នៅធនាគារ ។
តាមរយៈវេបសាយ និងហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រកាសអំពាវនាវ និងបង្ហោះឡើងនៅថ្ងៃទី២១
ខែមិថុនា ឆ្នាំ ២០១៨ នេះ បានព្រមានអំពីវិធានការតាមផ្លូវច្បាប់លើអ្នកចែកចាយ និងអ្នកចុចអត្ថាធិប្បាយជាដើម ។ វេប
សាយខាងលើដដែលនេះបានលើកឡើងថា ការចែករំលែក ឬក៏អត្ថាធិប្បាយលើករណីនេះ គឺអាចនឹងប្រឈមចំពោះផ្លូវ
ច្បាប់បាន ។
អគ្គស្នងការដ្ឋាននគរបាលជាតិអោយដឹងបែបនេះ ៖ « ដូច្នេះហើយ សូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំង
អស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ (Share) ឬក៏ឆ្លើយតប (Comment) ចំពោះ Account Facebook នេះ
ឲ្យសោះ ព្រោះថា រាល់ការចែកចាយ (Share) ឬការអត្ថាធិប្បាយណាមួយ (Comment) វាអាចប្រឈមនឹងផ្លូវច្បាប់ » ។
ការព្រមាននេះ ធ្វើឡើងក្រោយពេលដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការបង្ហោះ និងចែករំលែក
យ៉ាងព្រោងព្រាតនៅលើព័ត៌មានបណ្ដាញសង្គមហ្វេសប៊ុក ។
កាលពីថ្ងៃម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះថា chham chhany បានបង្ហោះសារមួយនិយាយអំពីកូនស្រី
របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានលុយរហូតដល់ទៅ១០លានដុល្លារឯណោះ ។
ម្ចាស់ហ្វេសប៊ុកនេះសរសេរបែបនេះ ៖ « កូនស្រី នេត សាវឿន ឈ្មោះ នេត ធីតាវិឈុណា មានប្រាក់ដប់លានដុល្លារ (១០.០០០.០០០ដុល្លារ) ។ ប្រាំពីរលាន (៧.០០០.០០០ដុល្លារ) ជាវិញ្ញាបនប័ត្រប្រាក់បញ្ញើ (មានកាលកំណត់) និង
បីលាន ដុល្លារ (៣.០០០.០០០ដុល្លារ) ជាមូលម្បទានប័ត្រ (Check ) » ។
ឆ្លើយតបនឹងព័ត៌មានទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា រូបភាព និងខ្លឹមសារព័ត៌មានទាំងនេះ គឺក្លែង
ក្លាយ និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារនាយនគរបាលជាតិជាន់ខ្ពស់យ៉ាងខ្លាំង ។
អគ្គស្នងការនគរបាលជាតិព្រមានថា អ្នកចែករំលែក និងអត្ថាធិប្បាយផ្សេងៗអាចនឹងប្រឈមផ្លូវច្បាប់ និងអំពាវនាវអោយ
បញ្ឈប់ជាបន្ទាន់ ៕