រដ្ឋាភិបាលស្វីសតាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជាបានសន្យាថានឹងបន្តផ្តល់វគ្គបណ្តុះបណ្តាលនូវដល់រដ្ឋាភិបាល
កម្ពុជា សម្រាប់លើកស្ទួយវិស័យកសិកម្ម និងអភិបាលកិច្ចល្អរួមទាំងសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ
កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ នេះបើតាមវេបសាយនគរបាលជាតិចេញផ្សាយអោយដឹង ។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៤ ខែតុលា
ឆ្នាំ២០១៨នេះ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅកម្ពុជា លោក Ivo Sieber បានលើកឡើងថា ប្រទេសស្វីសនៅតែចាត់ទុក
កម្ពុជាជាមិត្តដ៏ល្អ ហើយស្វីសនឹងជួយផ្តល់វគ្គបណ្តុះបណ្តាលនូវជំនាញមួយចំនួនដល់កម្ពុជាដដែល ទាំងផ្នែកកសិកម្ម
និងអភិបាលកិច្ចល្អហើយ និងជំនាញផ្សេងៗទៀត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ស ខេង ក៏បានលើកឡើងអំពីការវិវឌ្ឍមួយចំនួនរបស់កម្ពុជាដោយលោក បានអះអាង
ថា ការរីកចំរើនរបស់កម្ពុជាគឺមានអង្គការសង្គមស៊ីវិលចូលរួមជានិច្ច និងរាជរដ្ឋាភិបាលបានចាត់ទុកអង្គការសង្គមស៊ីវិលជា
ដៃគូដ៏ល្អ និងតែងតែធ្វើការជួបជុំគ្នាយ៉ាងតិចពីរដងក្នុងមួយឆ្នាំផងដែរ ។
ជាមួយគ្នានោះដែរ លោក ស ខេង ក៏បានប្រាប់ដល់ លោក Ivo Sieber ផងដែរ ថាការបោះឆ្នោតសកលរបស់
កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ បានប្រព្រឹត្តិទៅដោយភាពរលួន តម្លាភាព និងគ្មានអំពើហិង្សា
ណាមួយកើតឡើងផងដែរ ។
យ៉ាងណាក៏ដោយនៅក្នុងកិច្ចជំនួបនោះ លោក ស ខេង ក៏បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស
ដែលបានជួយគាំទ្រ និងផ្តល់នូវជំនួយឥតសំណងដល់កម្ពុជានាពេលកន្លងមកផងដែរ ៕