អតីតថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងជាច្រើនរូបបានឌឺដងទៅអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រូវជាមេដឹកនាំ
របស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងការប្រកាសថា នឹងមិនអោនក្បាលដាក់ចំពោះបរទេសណាមួយ ។
ជាក់ស្ដែង លោក អេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិដែលកំពុងសំងំរស់នៅជាបណ្ដោះអាសន្ន
នៅក្រៅប្រទេសនៅឡើយនោះ បានលើកឡើងទាំងប្រយោលថា « មិនឱនក្បាលជាមួយបរទេសទេ តែជាមួយចិន-យួន
លូនតែម្តង » ។
សារលើកឡើងអោយដឹងរបស់លោក អេង ឆៃអ៊ាង បែបនេះ ធ្វើឡើងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក
នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ នេះ ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នឹងមិនអោន
ក្បាលដាក់បរទេសទៀតដើម្បីជំនួយបន្តិចបន្តួចជាដាច់ខាត ។
តាមរយៈសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសជួបជាមួយនឹងនិស្សិត
ខ្មែរស្នាក់នៅ និងរៀនសូត្រនៅឯប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន បានលើក
ឡើងថា ទោះក្នុងកាលៈទេសៈនេះ កម្ពុជាត្រូវបាត់បង់ការលើកលែងពន្ធពីសំណាក់សហគមន៍អឺរ៉ុបដែលជាទីផ្សារនាំចេញ
មួយយ៉ាងធំសម្រាប់កម្ពុជាក៏ដោយចុះ ក៏កម្ពុជាមិនខ្វល់ និងមិនអោនក្បាលដើម្បីជំនួយទាំងនេះបន្តទៀតឡើយ ៕