ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ក្រសួងបានបង្កើតគណៈកម្មការកោសល្យវិច្ច័យដើម្បីពិនិត្យដោះស្រាយ
ចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ សម័យប្រឡង៖២០ សីហា
ឆ្នាំ២០១៨នាពេលកន្លងទៅថ្មីៗនេះរួចហើយ។
គណៈកម្មការបានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេសដែលបានប៉ះពាល់ដល់
ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រ ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខ
វិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួចលទ្ធផលនៃការប្រឡងមាន
ដូចតទៅ៖បេក្ខជនជាប់សរុប៧៦,០៣៤នាក់ ត្រូវជា៦៧.០៧ភាគរយ។
បេក្ខជនជាប់និទ្ទេសA មានចំនួន៤០៨នាក់ និទ្ទេសB ចំនួន២,២២២នាក់ និទ្ទេសC ចំនួន៦,០៤១នាក់ និទ្ទេសD
ចំនួន១៥,១៨០នាក់ និងនិទ្ទេសE ចំនួន៥២,១៨៣នាក់។
ក្រសួងអប់រំ យុវជន និងកីឡានឹងចេញលទ្ធផលប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨
លើទំព័រហ្វេសប៊ុកនៃក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នៅតាមមន្ទីរអប់រំ យុវជននិងកីឡា៕